Khmer version : School supplies donation by CBC for Shanty Town Spirit kids
នៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ២ រសៀល ក្រុមហ៊ុនការិយាល័យឥណទានកម្ពជា (CBC) បានរៀបចំពិធីចែកអំណោយជាសំភារៈសិក្សាដល់កុមារចំនួន ៦៣ នាក់ នៅក្នុងអង្គការ Shanty Town Spirit ដោយមានការចូលរួមពី លោក អឿ សុធារ័ត្ន ប្រធាននាយកស្តីទីការិយាល័យឥណទានកម្ពុជា អ្នកម្នាង Ermine Norodom ជាស្ថាបនិកគម្រោង Shanty Town Spirit ថ្នាក់ដឹកនាំ និង បុគ្គលិកនៃការិយាល័យឥណទានកម្ពុជា និង អង្គការ Shanty Town Spirit សរុបជាង១០០នាក់។
អ្នកម្នាង Ermine Norodom ដែលជាស្ថាបនិកអង្គការ Shanty Town Spirit បានមានបន្ទូលថាគោលបំណងនៃអង្គការ Shanty Town Spirit គឺជួយដល់កុមារក្រីក្រដែលរស់នៅតំបន់គំនរសំរាម
ហើយរើសសំរាមដើម្បីចិញ្ចឹមជីវិត អោយទទួលបានការសិក្សាដូចកុមារទូទៅ ដោយមានសំលៀកបំពាក់ សំភារៈសិក្សា និង ហិរញ្ញវត្ថុគ្រប់គ្រាន់ ដែលអាចជួយពួកគេអោយឈប់រើសសំរាម ហើយ យកពេលវេលាផ្តោតលើការសិក្សា ដែលអាចជួយពួកគេអោយ មានអនាគតល្អ។ សម្រាប់ឆ្នាំ ២០១៧នេះ ការិយាល័យឥណទានកម្ពុជា ជាក្រុមហ៊ុនមួយដែលបានឧបត្ថម្ភជាសំភារៈសិក្សាជាច្រើនដល់កុមារទាំង ៦៣ នាក់ នៅក្នុងអង្គការរបស់អ្នកម្នាង ហើយអ្នកម្នាងនិងកុមារទាំងអស់ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការិយាល័យឥណទានកម្ពុជាសម្រាប់ការឧបត្ថម្ភនេះ ដែលបានជួយសម្រួលបន្ទុកនៃការសិក្សារបស់កុមារ និង ក្រុមគ្រួសារ របស់ពួកគេ។
លោក អឿ សុធារ័ត្ន ប្រធាននាយកស្តីទី នៃ ការិយាល័យឥណទានកម្ពជាបានមានប្រសាសន៍សំណេះសំណាលថា “ការិយាល័យល័យឥណទានកម្ពុជា ជាក្រុមហ៊ុនឯកជន ប៉ុន្តែយើងមិនមែនគិតតែពីប្រាក់ចំនេញនោះទេ។ ជារៀងរាល់ឆ្នាំ យើងតែងតែមានគម្រោងសកម្មភាពផ្សេងៗដែលជួយដល់សង្គម។” លោកបានបន្តថា “ការអប់រំគឺជាផ្នែកមួយនៃគម្រោងសកម្មភាពជួយសង្គមរបស់យើង។ ដោយឃើញពីតម្រូវការរបស់កុមារក្នុងអង្គការ Shanty Town Spirit ដែលចង់បានសំភារៈសិក្សា ការិយាល័យឥណទានកម្ពុជាបានសម្រេចធ្វើការឧបត្ថម្ភជាសំភារៈសិក្សាដល់កុមារទាំង ៦៣ នាក់។” តំណាងអោយបុគ្គលិកនៃ ការិយាល័យឥណទានកម្ពុជា លោកពិតជាសប្បាយចិត្តដែលបានជួយឧបត្ថត្ភដល់ការសិក្សារបស់កុមារទាំងអស់ក្នុងអង្គការនេះ ហើយសង្ឃឹមថាក្មួយទាំងអស់នឹងខិតខំប្រឹងប្រែង រៀនសូត្រដើម្បីអនាគតដ៏ល្អនៅពេលខាងមុខ។
សំភារៈសិក្សាដែលចែកជូនកុមារៗទាំងអស់រួមមាន កាបូប សៀវភៅ ប៊ិច បន្ទាត់ ស្បែកជើង និង សំភារៈផ្សេងៗជាច្រើនទៀត។
សូមបញ្ជាក់ថាការិយាល័យឥណទានកម្ពុជាជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និងសេវាកម្មរាយការណ៍ដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។
CBC ត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ2012 ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមប្រឹក្សាហិរញ្ញវត្ថុអន្តរជាតិ (IFC)។
Location:
Phnom Penh, Cambodia